តិចនិកអប់រំកូនប្រុស! ប៉ាម៉ាក់ ត្រូវធ្វើតាម4ចំណុចនេះ

តើត្រូវ​អប់រំ​បែប​ណា​ដើម្បី​ឲ្យ​កូន​ប្រុស​អាច​ទទួល​យក​បាន? ឆ្លើយ​តប​នឹង​សំណួរ​នេះ វេបសាយ បាន​រក​ឃើញ​គន្លឹះ​ចំនួន​ ៤ចំណុច ដើម្បី​អប់រំ​កូន​ប្រុស​ឲ្យ​ស្ដាប់បាន ក្នុង​មាន​ដូចខាងក្រោម​នេះ៖

1# អ្នក​មិន​គួរ​ប្រើ​ចរិត​រឹង​ដើម្បី​អប់រំ​គេ​ទេ ដោយ​គួរតែ​ចេះ​ស្ដាប់​គេ​ខ្លះ មិន​បង្ខំ​គេ​ខ្លាំង ​ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​គេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​អាច​ក្លាយ​ជា​ក្មេង ដែល​ចេះ​ស្ដាប់​ហេតុផល ដោយ​អាច​ធ្វើ​ឲ្យ​អនាគត​គេ​អាច​ភ្លឺស្វាង​បាន។

2# អ្នក​គួរតែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ដោយ​មិន​គួរ​ធ្វើ​ជា​គំរូ​អាក្រក់​ឡើយ ​ព្រោះ​កូន​រៀន​ពី​អ្នក​លឿន​ណាស់។ ដូច​នេះ មិន​ថា​ក្នុង​ស្ថានភាព​ណា​ទេ អ្នក​គួរ​តែ​រក្សា​គំរូ​ល្អ​នេះ ទើប​អាច​បង្រៀន ​និង​អប់រំ​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​ដែល​មាន​ចរិត​ល្អ។

3# អ្នក​មិន​គួរ​ជួយ​កូន​គ្រប់​រឿង​នោះ​ទេ ដោយ​យូរៗ ​ទើប​អាច​ជួយ​គេ​ម្តង​ ព្រោះ​បើ​អ្នក​តែងតែ​ជួយ​កូន នោះ​នឹង​អាច​ធ្វើ​ឲ្យ​គេ​ខូច​បាន ដោយ​តែង​ពឹង​លើ​អ្នក​ជានិច្ច។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មិន​ចេះ​ធ្វើ​ដោយ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​មាន​អ្នក​ជួយ​ជានិច្ច។

4# អ្នក​ដឹង​ថា​ពេល​ដែល​បុរស​មាន​លុយ​លើ​ខ្លួន​ច្រើន នឹង​ធ្វើ​ឲ្យ​ខូច​បាន។ ដូចនេះ អ្នក​មិន​គួរ​ទម្លាប់​ឲ្យ​កូន​ចាយ​លុយ​ធំ​ឡើយ ព្រោះ​អាច​បំផ្លាញ​គេ​យ៉ាង​ងាយ​ក្រោយ​ពេល​ដែល​គេ​ធំ៕

អ្នកម៉ាក់ទើបសម្រាលកូន! ត្រូវធ្វើរឿងទាំង៧នេះអោយបាន

ការសម្រាលកូនគឺជារឿងដែលពិបាកបំផុតទៅហើយ ការមើលថែខ្លួនបន្ទាប់ពីសម្រាលកូនរួចនោះរឹតតែជារឿងមិនងាយស្រួលទៅទៀត។ ម្តាយមានតួនាទីសំខាន់បំផុតនៅក្នុងការយកចិត្តទុកដាក់លើសុខភាព និងរបបអាហារនានារបស់ខ្លួន ព្រោះថាបើសិនជាមើលថែខ្លួនមិនបានល្អទេនោះ ទាំងម្តាយ និងកូនសុទ្ធតែអាចមានបញ្ហា ព្រោះកូននៅតែទទួលយកជីវជាតិពីម្តាយបន្ទាប់ពីកើតចេញមក។

ដើម្បីរក្សាសុខភាពម្តាយអោយបានល្អ ខាងក្រោមនេះគឺជារឿងទាំង៧យ៉ាងដែលស្ត្រីទើបសម្រាលកូនរួចត្រូវតែធ្វើ៖

១. បរិភោគអោយត្រឹមត្រូវ និងគ្រប់គ្រាន់

ភាគច្រើនស្ត្រីដែលមានកូនតែងតែឡើងទម្ងន់យ៉ាងច្រើនមុនពេលសម្រាល ដូច្នេះហើយទើបបានជាភាគច្រើនបន្ទាប់សម្រាលរួច ពួកគេមិនសូវជាហ៊ានបរិភោគនេះនោះច្រើនដូចមុននោះទេ។ ប៉ុន្តែធាតុពិតទៅអ្នកគួរតែបរិភោគអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវបានរបបអាហារ ព្រោះថាកូនរបស់អ្នកនឹងនៅតែទទួលយកជីវជាតិទាំងនោះតាមរយះទឹកដោះ។

២. កុំឈប់លេបវីតាមីនសម្រាប់អ្នកមានគភ៌

ថ្វីត្បិតតែអ្នកសម្រាលកូនរួចមែន តែអ្នកគួរតែនៅបន្តលេបវីតាមីនសម្រាប់អ្នកមានគភ៌នោះ ព្រោះវាអាចជួយអោយសុខភាពអ្នកឆាប់ត្រលប់មករឹងមាំ និងជួយរក្សាអ្នក និងកូនអោយមានវីតាមីនបំប៉នគ្រប់គ្រាន់។

៣. ព្យាយាមកុំអោយមានគេមកលេងច្រើនពេក

ភាគច្រើនបន្ទាប់ពីសម្រាលកូនរួច អ្នកប្រាកដជាមានមនុស្សជាច្រើនដែលចង់មកលេង ឬសួរសុខទុក្ខជាដើម ប៉ុន្តែវាមិនមែនជារឿងដែលល្អបំផុតនោះទេនៅកំឡុងពេលភ្លាមៗនោះ ដោយសារបន្ទាប់ពីសម្រាលរួច អ្នកត្រូវសន្សំកម្លាំងមកវិញដោយប្រើពេលយ៉ាងច្រើន ដូច្នេះការដែលអ្នកមកលេងអាចធ្វើអោយអ្នកចំនាយកម្លាំងទទួល និងធ្វើអោយអ្នកឆាប់អស់កម្លាំង ខ្សោយ។

៤. គេងអោយបានច្រើន

ដើម្បីអោយខ្លួនអ្នកអាចត្រលប់មកធាតុដើមវិញ អ្នកត្រូវគេអោយបានច្រើន ព្រោះការគេងគ្រប់គ្រាន់អាចធ្វើអោយខ្លួនអ្នកឆាប់មានសុខភាពប្រសើរឡើងវិញយ៉ាងលឿនបំផុត។

៥. ត្រូវមានភាពអត់ធ្មន់ ក្នុងការបំបៅដោះ

ថ្វីត្បិតតែការបំបៅដោះមើលទៅហាក់ដូចជាងាយស្រួល ប៉ុន្តែវាមិនប្រាកដនោះទេ ជាពិសេសសម្រាប់អ្នកដែលទើបតែមានកូនដំបូង។ ដូច្នេះអ្នកគួរតែត្រៀមខ្លួនអោយបានរួចរាល់នៅក្នុងការបំបៅដោះ និងកុំរំពឹងថាវាជារឿងងាយស្រួលអោយសោះ។

៦. ថែរក្សាកន្លែងសំខាន់អ្នកអោយបានល្អ និងមានអនាម័យ

ប្រសិនជាអ្នកសម្រាលកូនតាមបែបធម្មជាតិ ការឈឺចាប់នៅទ្រង់កន្លែងសំខាន់នោះប្រាកដជាពិបាកនឹងអោយអ្នកទ្រាំខ្លាំងណាស់ ប៉ុន្តែទោះជាបែបនេះក៏ដោយ អ្នកត្រូវតែថែរក្សាអនាម័យវាអោយបានល្អបំផុត ព្រោះពេលនោះឡើយជាពេលដែលមេរោគចូលជ្រៀតជ្រែកបានយ៉ាងងាយស្រួល។

៧. មានបញ្ហាអ្វី ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ

ជាថ្មីម្តងទៀត សុខភាពរបស់អ្នកត្រូវការការថែទាំយ៉ាងម៉ត់ចត់បំផុត ដូច្នេះដើម្បីបង្ការបញ្ហាអកុសល្យអ្វីមួយកើតឡើង អ្នកគួរតែរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យអោយបានច្បាស់លាស់៕

តិចនិកទាំង10​នេះ! អ្នកម៉ាក់ពពោះត្រូវធ្វើអោយបាន ដើម្បីសុខភាពម្តាយនិងកូន

នៅអំឡុងពេលមានផ្ទៃពោះជាពេលវេលាដ៏សំខាន់ក្នុងការថែទាំទាំងសុខភាពម្តាយ និងទារក ដើម្បីសុវត្ថិភាពជាចម្បងសម្រាប់ថ្ងៃសម្រាលបុត្រនៅក្នុងពេលខាងមុខ។

ដោយឡែកថ្ងៃនេះយើងនឹងបង្វែរអារម្មណ៍មិត្តអ្នកអានមកដឹងពីគន្លឹះសំខាន់ៗក្នុងការថែទាំសុខភាពម្តាយនិងកូនដើម្បីសុវត្ថិភាពក្នុងពេលសម្រាល ជាមួយនឹងទារកដែលកើតមកពេញដោយសុខភាពល្អដូចខាងក្រោម៖

១. ហាត់ប្រាណឱ្យបានទៀងទាត់

ការហាត់ប្រាណឱ្យបានទៀងទាត់ ដោយវិធីងាយៗតិចៗថ្នមៗរាងកាយ ជាវិធីល្អ សម្រាប់សុខភាពម្តាយនិងកូនក្នុងផ្ទៃដោយអាចការពារអ្នកពីជំងឺឡើងសម្ពាធឈាម ហើយថែមទាំងជួយធ្វើឱ្យរូបរាងអ្នកមិនសូវផ្លាស់ប្តូរទ្រង់ទ្រាយហួសហេតុពេក ជាហេតុធ្វើឱ្យរូបរាងរបស់អ្នកអាចឆាប់ត្រលប់មកសភាពល្អស្អាតវិញបាន ក្រោយពីសម្រាលកូនរួចផងដែរ។ លំហាត់ប្រាណដែលសមស្របរួមមាន៖ ការដើរតិចៗ, ការហែលទឹក, ហាត់យូហ្គា (Yoga) និងលំហាត់ប្រាណកាច់ដៃកាច់ជើងងាយៗ ( Pilates) ។ ក្នុងនោះអ្នកក៏អាចធ្វើលំហាត់ប្រាណផ្សេងក៏បាន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។   

២. ពិនិត្យគ្រឿងសម្អាង

នៅក្នុងអំឡុងពេលមានផ្ទៃពោះ គ្រឿងសម្អាងនានាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃបាន។ ដូច្នេះអ្នកមិនគួរប្រើគ្រឿងតុបតែងមុខប្រេងម្សៅនោះទេ ប៉ុន្តែប្រសិនជាអ្នកចង់ប្រើគួរជ្រើសរើសគ្រឿងសម្អាងដែលធ្វើមានគ្រឿងផ្សំពីធម្មជាតិ ឬរ៉ែទើបជាការល្អ។ 

៣.ផ្លាស់ប្តូររបបអាហារទទួលទាន

អ្នកគួរតែទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាពម្តាយ និងកូនក្នុងផ្ទៃដូចជា៖ អាហារដែលមានជាតិកាកសសៃ (Fiber) រួមមានបន្លែ ផ្លែឈើ សណ្តែក អង្ករសម្រូប គ្រាប់ធញ្ញជាតិ ទឹកដោះគោជូរ ត្រីសាល់ម៉ុន និងបង្គារ តែគួរចៀសវាងត្រី សាច់ដែលមានជាតិបារតច្រើន។ ក្នុងនោះដែរ អ្នកគួរតែចៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អាហារកែច្នៃលាយពណ៌ អាហារដែលចម្អិន និងម្ហូបផ្សេងៗ ត្រី សាច់ បន្លែដែលសម្បូរទៅដោយបាក់តេរីមិនល្អ។ ជាពិសេសបន្ថែមរបបអាហារដែលល្អៗមានជាតិកាឡូរីយ៉ាងហោចណាស់ ឱ្យបាន ៣០០ ទៅ ៥០០កាឡូរីក្នុងមួយថ្ងៃទើបជាការប្រសើរ។  

៤.បន្ធូរបន្ថយសាច់ដុំ

នៅពេលមានផ្ទៃពោះស្ត្រីភាគច្រើនតែងតែជួបប្រទះនឹងបញ្ហារមួលក្រពើជាញឹកញាប់។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះអ្នកគួរតែធ្វើការហាត់ប្រាណតិចៗសន្ធឹងដៃសន្ធឹងជើង ម៉ាស្សាឈ្លីសាច់ដុំ ឬស្អំទឹកកកបន្ថែមក៏បាន។ ការអនុវត្តវិធីបែបនេះជារៀងរាល់ថ្ងៃ ជាពិសេសរាល់យប់មុនពេលចូលគេង ការផឹកទឹកឱ្យបានច្រើនរួមនឹងទទួលទានរបបអាហារល្អៗក៏អាចជួយកាត់បន្ថយអាការរមួលក្រពើបានយ៉ាងងាយផងដែរ។ 

៥. ផឹកទឹកឱ្យបានច្រើន

ការផឹកទឹកឱ្យបានច្រើនយ៉ាងហោចណាស់ឱ្យបាន ១០កែវក្នុងមួយថ្ងៃ និងយកទឹកស្អាតទុកជាប់នឹងខ្លួនគ្រប់ពេលវេលាដែលអ្នកស្រេកទឹក អាចជួយការពារអាការក្អួតចង្អោរ និងរក្សាបរិមាណទឹកភ្លោះបានល្អគ្រប់គ្រាន់ក្នុងពេលសម្រាលកូនបានផងដែរ។ ប៉ុន្តែរាល់យប់មុនចូលគេងអ្នកមិនគួរផឹកទឹកច្រើនពេកនោះទេ វាអាចធ្វើឱ្យអ្នកពិបាកនឹងចូលបន្ទប់ទឹកញឹកញាប់ផងដែរ។  

៦. ទៅស្ប៉ា ឬម៉ាស្សា

ការស្ប៉ា និងម៉ាស្សាដងខ្លួននៅក្នុងពេលមានផ្ទៃពោះអាចជួយឱ្យរាងកាយ និងអារម្មណ៍អ្នកបានធូរស្រាលមួយកម្រិត។ បើទោះជាវាល្អមែន ប៉ុន្តែអ្នកគូរតែចៀសវាងសូណា ឬងូតទឹកក្តៅច្រើនពេកដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។ ជាពិសេសប្រេងមួយចំនួនដែលប្រើនៅពេលម៉ាស្សា ឬស្ប៉ាត្រូវបានហាមឃាត់ និងប្រើប្រាស់ក្នុងពេលមានផ្ទៃពោះ។ ដូច្នេះអ្នកគួរតែប្រើប្រាស់វិធី ឬផលិតផលធម្មជាតិ ដែលយកល្អគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតមុននឹងចង់ទៅហាងម៉ាស្សាទើបជាការល្អ។  

៧.ដំណើរកម្សាន្តដោយធ្វើការហោះហើរ

វេលាល្អសម្រាប់ការធ្វើការហោះហើរនោះ គឺអំឡុងពេលមានផ្ទៃពោះ ពី ១៤ ទៅ ២៨សប្តាហ៍ ដែលជាពេលវេលាមានហានិភ័យតិចបំផុតនៃគ្រោះថ្នាក់ផ្សេងៗដូចជាការរលូតកូន ការសម្រាលកូនមុនកំណត់ និងការកើតជំងឺផ្សេងៗ។ យ៉ាងណាក៏ដោយអ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬបញ្ជាក់ប្រាប់ខាងក្រុមហ៊ុនយន្តហោះពីការមានផ្ទៃពោះរបស់អ្នកជាមុនសិន មុននឹងជិះយន្តហោះ។ ក្នុងនោះផងដែរ សម្រាប់ការធ្វើដំណើរលើយន្តហោះ អ្នកគួរតែផឹកទឹកឱ្យបានច្រើន ឧស្សាហ៍ក្រោកដើរចុះឡើង និងម្យ៉ាងទៀតរកកន្លែងអង្គុយក្បែរផ្លូវដើរជាជម្រើសដែលល្អបំផុត។  

៨. ប្រើផលិតផលធម្មជាតិ ឬឱសថបុរាណធម្មជាតិ

អ្នកគួរតែងាកមកប្រើឱសថបុរាណធម្មជាតិដើម្បីសម្រាលអាការក្អួតចង្អោរ ទល់លាមក និងក្រហាយទ្រូងក្នុងអំឡុងពេលមានផ្ទៃពោះប្រសើរជាង។ ដោយខ្ញី និងស្លឹកជីអង្កាមអាចជួយបំបាត់អាការក្អួតចង្អោរ ។ ការត្រាំទឹកក្តៅ និងការធ្វើលំហាត់ប្រាណងាយៗជួយដោះស្រាយបញ្ហាទល់លាមក ចំណែកឯការទំពារស្ករកៅស៊ូគ្មានជាតិស្ករ និងការផកទឹកក្តៅឧណ្ហៗអាចបន្ថយអាការក្រហាយទ្រូងបានយ៉ាងប្រសើរ។

៩.លាបក្រែមការពារកម្តៅថ្ងៃ

នៅពេលអ្នកមានផ្ទៃពោះ ស្បែករបស់អ្នកនឹងឡើងស្តើងហើយងាយរងប្រតិកម្មពីកម្តៅថ្ងៃណាស់។ យកល្អអ្នកគួរតែស្លៀកសំលៀកបំពាក់ឱ្យជិតៗពាក់មួកពាក់វ៉ែនតា និងលាបផលិតផលការពារកម្តៅថ្ងៃផងទើបជាការល្អ។ ក្នុងនោះផងដែរ គ្រូពេទ្យមួយចំនួនថែមទាំងបានណែនាំឱ្យស្ត្រីមានផ្ទៃពោះចៀសវាងឱ្យដាច់ខាតពីពន្លឺព្រះអាទិត្យ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយ និងទារកផងដែរ។  

១០. ឥរិយាបថនៃការគេង

ការគេងសង្កត់លើពោះត្រូវបានហាមឃាត់ជាដាច់ខាតក្នុងពេលមានផ្ទៃពោះ។ អ្នកគួរតែគេងដាក់ខ្នងប៉ះផ្ទាល់នឹងផ្ទៃគ្រែគេង ព្រោះទម្ងន់ទារក និងស្បូនរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងឆ្អឹងខ្នងនិងសសៃឈាមធំៗអស់ទាំងនោះ ។ ម្យ៉ាងការគេងបែបនេះថែមទាំងអាចកាត់បន្ថយអាការស្ទះសសៃឈាមបានផងដែរ។ ជាពិសេសឥរិយាបថគេងដែលល្អសម្រាប់សុខភាពទារកនោះគឺការគេងបែរមកចំហៀង រួចអង្កុញជើងរបស់អ្នកបន្តិច។ 

វិន័យក្នុងការអប់រំកូន! ជំរុញឱ្យគេមានសណ្តាប់ធ្នាប់ល្អក្នុងសង្គម

កុមារតូចៗជាផ្នែកយ៉ាងសំខាន់មួយដែលមិនអាចមើលរំលងបាន ព្រោះពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅថ្ងៃអនាគត។ អ្វីគ្រប់យ៉ាងគឺចាប់ផ្តើមពីក្មេង ប្រសិនបើក្មេងមានគុណភាពនៃគំនិតខ្ពស់ នៅពេលដែលពួកគេធំឡើង គេនឹងក្លាយជាធនធានដែលមានភាពខ្លាំងក្លាសម្រាប់សង្គម។

នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា នៅតាមដងផ្លូវក្តី នៅក្នុងទីផ្សារមួយចំនួនក្តី និងនៅតាមទីសាធារណៈសំខាន់ៗមួយចំនួនក្នុងទីប្រជុំជនក្តី ទិដ្ឋភាពនៃភាពអនាធិបតេយ្យបានស្តែងចេញតាមរយៈសកម្មភាពរបស់មនុស្សមួយចំនួនធំ ដែលមិនសូវខ្វល់ពីផលប៉ះពាល់នៃទង្វើរបស់ខ្លួន។

នៅលើដងផ្លូវយើងគ្រប់គ្នាសុទ្ធតែបានឃើញពីការបើកបរដែលរញ៉េរញ៉ៃ និងដណ្តើមគ្នាទៅមុន ឬគោរពច្បាប់ចរាចរណ៍មិនល្អ ដែលបណ្តាលឱ្យមានការកកស្ទះ ចំណែកឯនៅទីសាធារណៈ និងនៅតាមទីផ្សារមួយចំនួនយើងក៏បានឃើញផងដែរពីការចោលសំរាមក្រៅធុងសំរាម រួមទាំងការដាក់តាំងលក់យ៉ាងអនាធិបតេយ្យ។

សកម្មភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើនផ្សេងទៀតដែលព្យាយាមគោរពនូវសណ្តាប់ធ្នាប់ល្អ ក៏ដូចជាគោរពច្បាប់។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកបណ្ឌិត ចាន់ សុផល បានធ្លាប់បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា ការបណ្តុះបណ្តាលទម្លាប់ល្អ ជាពិសេសការបណ្តុះមនុស្សមិនឱ្យចោលសំរាមផ្តេសផ្តាស គឺគួរចាប់ផ្តើមពីកូនក្មេង ព្រោះប្រសិនបើយើងបានបណ្តុះបណ្តាលក្មេងឱ្យមានទម្លាប់ល្អ នៅពេលដែលគេធំឡើង គេនឹងរៀបចំខ្លួនឯងឱ្យមានសណ្តាប់ធ្នាប់។

ឆ្លើយតបជាមួយនឹងបញ្ហានេះផងដែរ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ការអប់រំក្មេងជារឿងមួយ ពេលខ្លះក្មេងនៅសាលាតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ខណៈក្មេងនៅជាមួយអាណាព្យាបាលស្ទើរពេញមួយថ្ងៃ។ ការអប់រំ មនុស្សចាស់ឱ្យបង្កើតគំរូល្អដល់ក្មេងៗក៏ជារឿងសំខាន់មួយដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងសង្គម៕

​ប៉ាម៉ាក់​គួរដឹង!​ របៀបទាំង8 ​ក្នុងការថែទាំទារកទើបកើត

ទារក​ទើប​នឹង​កើត​នាំ​មក​នូវ​ភាព​រំភើប​រីក​រាយ​ទាំង​ម្តាយ​​ទាំង​ឪពុក​ ស្រប​គ្នា​នោះ​ដែរ​បន្ទុក​ក៏​ត្រូវ​តែ​ស្មើ​គ្នា​ដែរ។​ ឪពុក​ម្តាយ​ថ្មី​ថ្មោង​អាច​នឹង​ជួប​ប្រទះ​ការ​ពិបាក​ច្រើន​ដូច​ជា​គេង​មិន​បាន​គ្រប់​គ្រាន់​ មិន​ចេះ​បី​កូន​ បំបៅ​ដោះ​កូន​ និង​ងូត​ទឹក​។ល។​ ពេល​នេះ​កញ្ញា​នឹង​បង្ហាញ​អ្នក​ពី​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​សម្រាល​បន្ទុក​ឪពុក​ម្តាយ​ថ្មី​ថ្មោង​៖

១.​ របៀប​បី​ទារក​

នៅ​ពេល​ទារក​បាន​មក​ដល់​ដៃ​អ្នក​ភ្លាម​ អ្នក​ប្រហែល​ជា​មិន​ទម្លាប់​ក្នុង​ការ​បី​ទេ​ព្រោះ​ទារក​តូច​ពិបាក​បី។​ ក​របស់​ទារក​គឺ​ជា​ផ្នែក​សំខាន់​បំផុត​ អញ្ចឹង​ហើយ​នៅ​ពេល​ចាប់​កាន់​ទារក​ឡើង​អ្នក​ត្រូវ​យក​ដៃ​ម្ខាង​ចាប់​ទ្រ​ក្បាល​ទារក​ព្រោះ​ទារក​មិន​អាច​ទប់​ក្បាល​ខ្លួន​ឯង​បាន​នោះ​ទេ​ រីឯ​ដៃ​ម្ខាង​ទៀត​ត្រូវ​ទ្រ​ចង្កេះ​។​ ជា​ពិសេស​ត្រូវ​ប្រយ័ត្ន​ចំពោះ​បង្ហើយ​ក្មេង​។

២.​ ត្រូវ​ថែទាំ​ទារក​កំឡុង​ពេល​៣០​ថ្ងៃ​របៀប​ណា?

ទារក​នៅ​ក្នុង​កំឡុង​៣០​ថ្ងៃ​គឺ​ត្រូវ​ប្រយ័ត្ន​បំផុត​។ តែ​ការ​បារម្ភ​របស់​អ្នក​ក៏​មិន​ត្រូវ​លើស​ដែន​កំណត់​ដែរ​ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ជា​ហេតុ​នាំ​ឱ្យ​ខ្វះ​ទឹក​ដោះ​។​ នៅ​ក្នុង​កំឡុង​ពេល​៣០​ថ្ងៃ​នោះ​ អ្នក​គួរ​តែ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​និង​ញ៉ាំ​ឱ្យ​បាន​ច្រើន​ព្រោះ​ទារក​ក្នុង​កំឡុង​ពេល​នេះ​ត្រូវ​ការ​ទឹក​ដោះ​ច្រើន​ និង​ការ​ថែទាំ​ឱ្យ​បាន​ដិត​ដល់​។ ហើយ​អ្នក​គួរ​តែគេង​នៅ​ពេល​ទារក​គេង​ដែរ។​

៣.​ របៀប​រុំ​កូន​ទារក​

ការ​រុំ​ទារក​ឱ្យ​បាន​ត្រឹម​ត្រូវ​ជួយ​ឱ្យ​ទារក​គេង​បាន​ស្ងប់​ល្អ​ និង​នៅ​ស្ងៀម​។​ ជំហាន​ដំបូង​ អ្នក​ត្រូវ​បត់​កន្សែង​ឱ្យ​រាង​ដូច​ពេជ្រ​ រួច​ដាក់​ទារក​លើ​កន្សែង​ហើយ​បត់​កន្សែង​ពី​ឆ្វេង​មក​ស្តាំ​ ពី​ក្រោម​ឡើង​លើ​ ហើយ​ចុង​បញ្ចប់​បត់​ពី​ស្តាំ​មក​ឆ្វេង។

៤.​ របៀប​បំបៅ​ដោះ​ទារក

ការ​បំបៅ​ដោះ​ទារក​គឺ​សំខាន់​បំផុត​កំឡុង​ពេល​២​ឬ​៣​ថ្ងៃ​ដំបូង​ ព្រោះ​កំឡុង​ពេល​នេះ​ទារក​ត្រូវ​ការ​ទឹក​ដោះ​ដំបូង​ដើម្បី​ធំ​ធាត់។ អ្នក​ម្តាយ​អាច​នឹង​ជួប​ប្រទះ​កង្វះ​ទឹក​ដោះ​ ដំបៅ​ក្បាល​ដោះ​ ឬ​សំបូរ​ឬ​ទឹក​ដោះ​ពេក​ ហើយ​ទារក​ខ្លះ​មិន​សូវ​ចង់​បៅ។​ ការ​បី​ទារក​ក៏​ជា​រឿង​សំខាន់​ព្រោះ​ទារក​ខ្លះ​មិន​ចង់​បៅ​ដោយ​សារ​តែ​ការ​បី​មិន​ស្រួល។​ វិធី​បំបៅ​ដោះ​មាន​ច្រើន​របៀប​ (ដូច​ក្នុង​រូប)​ អ្នក​គួរ​តែ​សាក​ឱ្យ​គ្រប់​របៀប​ដើម្បី​ចង់​ដឹង​ថា​របៀប​មួយ​ណា​ដែល​កូប​អ្នក​អាច​បៅ​បាន​ច្រើន​។​

៥.​ របៀប​សង្គ្រោះ​បន្ទាន់​ និង​ធ្វើ​ឱ្យ​ទារក​ភើ

ការ​ភើ​គឺ​ជា​ការ​ចាំ​បាច់​ដើម្បី​ឱ្យ​ទារក​មាន​សុខភាព​ល្អ​ជាពិសេស​នៅ​ក្នុង​កំឡុង​ពេល​២​ឬ៣​ខែ​ដំបូង​។បើ​សិន​ជា​ទារក​មាន​សុខភាព​ល្អ​ប្រាកដ​ជា​បៅ​បាន​ច្រើន​និង​គេង​បាន​ស្កប់​ស្កល់​។ ដើម្បី​ធ្វើ​ឱ្យ​ក្មេង​ភើ​អ្នក​គួរ​តែ​បី​ហើយ​ដាក់​ចង្កា​ទារក​លើ​ស្មា​របស់​អ្នក​ តែ​កុំ​ភ្លេច​ទប់​ក្បាល​និង​ក​ បន្ទាប់​មក​ព្យាយាម​អង្អែល​ខ្នង​ទារក​តិចៗ​ទាល់​តែ​ភើ។​ វិធី​មួយ​ទៀត​គឺ​ដាក់​ទារក​ផ្កាប់​មុខ​ចុះ​លើ​ភ្លៅ​របស់​អ្នក​ ដៃ​ម្ខាង​ទប់​ដើម​ទ្រូង​និង​ក​របស់​ទារក​ហើយ​លើក​គូទ​ទារក​ឱ្យ​ខ្ពស់​ជាង​ក្បាល​រួច​អង្អែល​ខ្នង​ថ្នមៗ។​ សម្រាប់​ការ​សង្គ្រោះ​បឋម​ នៅ​ពេល​ដែល​ទារក​ស្លាក់​ អ្នក​គួរ​តែ​ដាក់​ទារក​ចុះ​លើ​ភ្លៅ​រួច​យក​ម្រាម​ពីរ​សង្កត់​ដើម​ទ្រូង​៥​ដង​ចាំ​ផ្លុំ​ទាល់​តែ​ទារក​ចាប់​ផ្តើម​ក្អក។​ តែ​ត្រូវ​ចាំ​ថា​ទារក​នៅ​តូច​ អ្នក​មិន​អាច​សង្កត់​ញាប់​ពេក​ ឬ​ខ្លាំង​ពេក​នោះ​ទេ។​

៦.​ របៀប​ម៉ាស្សា​ទារក

ការ​ម៉ាស្សា​ជួយ​ឱ្យ​ឆ្អឹង​ទារក​រឹង​មាំ​ និង​សាច់​ដុំ​រឹង​ល្អ​។ អ្នក​មិន​គួរ​ម៉ាស្សា​នៅ​ពេល​ដែល​ទើប​បំបៅ​ទារក​ ឬ​មុន​ពេល​បំបៅ​ទេ។​ ជំហាន​ដំបូង​អ្នក​ត្រូវ​ដាក់​ទារក​លើ​កន្សែង​ ឬ​កម្រាល​ទន់ៗ​រួច​ចាប់​ផ្តើម​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​បន្លែ​ពី​ជើង​ទៅ​មុន​បន្ទាប់​មក​ដៃ​ ដើម​ទ្រូង​ហើយ​ខ្នង។​

៧.​ របៀប​ងូត​ទឹក

ឪពុក​ម្តាយ​ថ្មី​ថ្មោង​ពិបាក​បំផុត​គឺ​ការ​ងូត​ទឹក​នេះ​ឯង។​ ការ​ងូត​ទឹក​ឱ្យ​ទារក​គឺ​មាន​ច្រើន​របៀប​ទៅ​តាម​ចំនួន​សប្តាហ៍។​ អ្នក​គួរ​តែ​ចាំ​ដល់​ផ្ចិត​របស់​ស្ងួត​ ហើយ​ជ្រុះ​សិន​សឹម​ងូត​ទឹក​ដោយ​ប្រើ​ក្បាក់​។​ ជា​ពិសេស​ត្រូវ​វាស់​កម្តៅ​ទឹក​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ត្រូវ​ងូត​ដោយ​ប្រុង​ប្រយ័ត្ន​ទឹក​ចូល​ត្រចៀក​។​

៨.​ របៀប​ផ្លាស់​ប្តូរ​ខោ​ទឹក​នោម

អ្នក​ត្រូវ​ចាំ​ថា​ការ​ផ្លាស់​ប្តូរ​ខោ​ទឹក​នោម​ត្រូវ​ប្រយ័ត្ន​បំផុត​ទាល់​តែ​ផ្ចិត​របស់​ទារក​ជ្រុះ។ អ្នក​មិន​ត្រូវ​ស្លៀក​ខោ​ទឹក​នោម​បិទ​លើ​ផ្ចិត​របស់​ទារក​ ឬ​រិត​តឹង​ពេក​ទេ​ជាពិសេស​ទារិកា​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​រលាក​ឬ​រោល​។​ ត្រូវ​ប្រាកដ​ថា​អ្នក​ជូត​ទារក​បាន​ស្ងួត​ហើយ​មុន​នឹង​ស្លៀក​ខោ​ទឹក​នោម៕​

ប្រភព៖ Brightside

តិចនិកទាំង៤! ជួយអោយស្បែកអ្នកម៉ាក់ កាន់តែសស្អាតបាន

មនុស្សស្រីគ្រប់រូបមិនថាគេ ឬខ្ញុំទេ តែងតែមានបំណងប្រាថ្នាចង់បានស្បែករលោងស្អាង ប៉ុន្តែការប៉ះពាល់នឹងពន្លឺះព្រះអាទិត្យច្រើនម៉ោង ឬស្រ្តេសច្រើនពេក និងខ្យល់អាកាសបំពុលទៀតនោះ ពិតជាអាចធ្វើឲ្យប្រែប្រួលដល់សារធាតុបំពាក់ពាក់ដល់ស្បែក និងមើលទៅកាន់តែខ្មៅជាងមុនជាមិនខាន។ ភាគច្រើនមានក្រែមធ្វើឲ្យស្បែកភ្លឺរលោងច្រើនណាស់ដែលដាក់លក់នៅលើទីផ្សា ប៉ុន្តែដើម្បីកាន់តែមានសុវត្ថិភាព អ្នកគួរតែជ្រើសរើសមធ្យោបាយធម្មជាតិវិញទៅ។ 

1#យ៉ាអួ

យ៉ាអួគឺជាជម្រើសដ៏ល្អបំផុតមួយដែលអាចប្រើដើម្បីព្យាបាលស្បែកតាមបែបធម្មជាតិបាន ព្រោះតែវាផ្ទុកទៅដោយសារធាតុជួយឲ្យស្បែកភ្លឺរលោង។ សារធាតុ Lactic Acid ក៏មានក្នុងយ៉ាអួនេះដែរ ដើម្បីផ្តល់ជីវជាតិដល់ស្បែក និងកំចាត់ចោលរាល់កោសិកាងាប់ៗ ព្រមទាំងស្បែកកាន់តែភ្លឺរលោងថែមមួយកម្រិតទៀត។ ចូរលាបយ៉ាអួនៅលើស្បែកដែលកំពុងមានបញ្ហា និងទុកចោល ៣ ទៅ៥នាទី ចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ 

2#ទឹកឃ្មុំ

ក្រៅពីផ្អែមបែបធម្មជាតិហើយនោះ ទឹកឃ្មុំក៏មានប្រសិទ្ធភាពក្នុងការផ្តល់ភាពភ្លឺរលោងដល់ស្បែក ផង និងផ្តល់សំណើមផង។ ទឹកឃ្មុំមានសារធាតុប្រឆាំងនឹងបាក់តេរី ដែលអាចជួយលុបបំបាត់អាការៈនៃការកើតស្នាមអុចៗដោយសារអាយុច្រើន និងភាពជ្រីវជ្រួញផង។ អ្នកអាចលាយទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ប្រេងផ្លែអាលម៉ុនកន្លះស្លាបព្រាកាហ្វេ និងម្សៅទឹកដោះគោមួយស្លាបព្រាបាយ ដើម្បីបង្កើតជាល្បាយមួយ។ ចូរយកល្បាយនេះលាបលើស្បែក ហើយទុកចោល ១០ ទៅ១៥នាទី បន្ទាប់មកចាំលាងវាចេញជាមួយទឹកត្រជាក់។ 

3#ទឹកដោះគោ

ទឹកដោះគោត្រូវបានគេស្គាល់ថាមានជាតិកាលស្យូមខ្ពស់ ដេលអាចជួយសម្រួលដល់ពណ៌របស់ស្បែកបាន។ ការលាបជាតិកាលស្យូមនេះនៅលើស្រទាប់ស្បែកខាងលើ អ្នកនឹងទទួលបានការការពារកាន់តែច្រើនពីភាពស្ងួតរបស់ស្បែក។ កាលស្យូមអាចពង្រឹងដល់ជាតិមេឡានីន ដែលជួយដល់ការបង្កើនភាពភ្លឺរលោងរបស់ស្បែកទៀតផង។ ចូរលាបទឹកដោះគោដែលក្តៅឧណ្ហៗលើស្បែកដែលមានបញ្ហា ហើយម៉ាស្សាវាពី ៣ ទៅ៥នាទី ចាំលាងវាចេញ។ ចូរធ្វើបែបនេះរាល់ថ្ងៃរយៈពេល ២សប្តាហ៍។ 

4#ជែលប្រទាលកន្ទុយក្រពើ

ជែលបានមកពីប្រទាលកន្ទុយក្រពើអាចជួយផ្តល់ភាពរលោងដល់ស្បែក ផងបន្ថយស្នាមអុចៗលើស្បែកផង និងបង្កើនភាពតឹងរបស់ស្បែកថែមទៀត។ ដំបូងឡើយ អ្នកអាចលាបវាផ្ទាល់លើស្បែក ហើយទុកចោល ៣០នាទីសិនចាំលាងវាចេញ។ អ្នកអាចធ្វើការងារនេះពីរដងក្នុងក្នុងមួយថ្ងៃរយៈពេល ២សប្តាហ៍ដើម្បីឃើញលទ្ធផល៕

រូបមន្តសម្រកជាតិខ្លាញ់! សម្រាប់អ្នកម៉ាក់ទើបសម្រាលកូនហើយ

ការចង់ស្កម គឺជារឿងមួយដែលស្រ្តីគ្រប់រូបតែងតែប្រាថ្នា ព្រោះថារាងស្គមនឹងជួយឲ្យពួកគេសប្បាយចិត្ត និងស្រស់ស្អាត។ ដូច្នេះដើម្បីសម្រេចបាននូវក្តីស្រមៃបែបនេះ ពួកគេតែងតែប្រើវិធីបង្អត់អាហារ និងព្យាយាមទិញផលិតផលសម្រកទម្ងន់ដែលមានតម្លៃថ្លៃ។ យ៉ាងណាមិញ យើងមានរូបមន្តសម្រកទម្ងន់មួយប្រភេទដែលអាចនិយាយបានថាមានប្រយោជន៍ដែរក្នុងការរំលាយជាតិខ្លាញ់ពីក្នុងខ្លួន។ 

គ្រឿងផ្សំ៖

  • ទឹកស្អាត ៨ពែង
  • ខ្ញីម៉ត់ មួយស្លាបព្រាបាយ
  • ត្រសក់ចិតជាស្លាយៗចំនួនមួយផ្លែ
  • ក្រូចឆ្មាចិតជាស្លាយៗមួយផ្លែ
  • ជីង្កាមកន្លះកូនចានចង្កឹះ

ចូរលាងគ្រឿងផ្សំទាំងអស់ចូលក្នុងសូរទឹកមួយ ហើយទុកចោលមួយយប់ក្នុងទូរទឹកករហូតដល់ ២ថ្ងៃ។ នៅថ្ងៃបន្ទាប់អ្នកអាចញ៉ាំវាយ៉ាងហោចណាស់កន្លះកែវមុនពេលញ៉ាំអាហារម្តងៗ។ ចូរធ្វើបែបនេះរយៈពេល ៤ថ្ងៃ។ (ភេសជ្ជៈមួយនេះតែមួយមុខទំនងជាមិនសូវមានប្រសិទ្ធភាពឡើយបើសិនជាមិនមានការគ្រប់គ្រងរបបអាហារត្រឹមត្រូវដែរនោះ។ 

ចំណាំ៖ មុនអ្នកសាកល្បងធ្វើវិធីមួយនេះ អ្នកគប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថា តើសុខភាពអ្នកអំណោយផលដល់ការធ្វើបែបនេះឬអត់ ដើម្បីចៀសវាងបញ្ហាកើតមានផ្សេងៗ៕

អ្នកម៉ាក់ពពោះ! មានជំងឺមហារីក អាចឆ្លងដល់កូនទេ?

ប្រភេទនៃជំងឺមហារីកមួយចំនួនអាចកើតមាននៅក្នុងក្រុមគ្រួសារ (តំណរពូជ) នេះបានន័យថា អ្នកអាចមានជំងឺមហារីកប្រសិនបើឪពុក ឬម្តាយរបស់អ្នកបានកើតជំងឺនេះ តែវាមិនមែនជាការឆ្លងពីពួកគាត់មកអ្នកនោះទេ។

ឧទាហរណ៍ ប្រភេទនៃជំងឺមហារីកដែលអ្នកអាចមានហានិភ័យខ្ពស់ដូចជាជំងឺមហារីកសុដន់ ពោះវៀនធំ ឬជំងឺមហារីកក្រពេញអូវែ ប្រសិនបើអ្នកមានសាច់ញាតិកើតជំងឺនេះ។

ទោះជាយ៉ាងណា នេះមិនមែនមានន័យថា អ្នកនឹងកើតជំងឺនេះនោះទេ ប្រសិនបើសមាជិកគ្រួសារណាម្នាក់មានជំងឺមហារីកមួយចំនួននេះ ប៉ុន្ តែអ្នកអាចនឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកទាំងនេះ បើប្រៀបធៀបទៅមនុស្សផ្សេងទៀត។

វាជាការសំខាន់ក្នុងការបានដឹងថាមានតែ ៥ ទៅ ១០ % នៃមហារីកប៉ុណ្ណោះ ដែលត្រូវបានបង្កឡើងដោយបញ្ហាហ្សែនតំណរពូជនេះ។

ប្រសិនបើសមាជិកគ្រួសារជិតស្និទ្ធណាម្នាក់មានជំងឺមហារីកដែលបានរៀបរាប់ខាងលើហើយអ្នកមានការព្រួយបារម្ភថា អ្នកអាចនឹងមានជំងឺមហារីកដែរនោះ សូមទៅជួបគ្រូពេទ្យរបស់អ្នក។ គ្រូពេទ្យនឹងសួរសំណួរអ្នកអំពីប្រវត្តិគ្រួសារ ហើយប្រសិនបើគាត់គិតថាអ្នកអាចមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីក ពួកគាត់នឹងបញ្ជូនអ្នកទៅអ្នកផ្តល់ប្រឹក្សាខាងហ្សែន ឬអ្នកជំនាញផ្នែកជំងឺមហារីក៕

ជិតដល់ថ្ងៃសម្រាល! ម៉ាក់ៗត្រូវប្រយ័ត្នពីរឿង៤នេះ អោយបាន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលជិតដល់ខែ។ តើមានអ្វីខ្លះទៅ?

1# នៅពេលដែលអ្នកពរពោះបាន៧ខែ អ្នកគួរតែរៀបចំសម្លៀកបំពាក់កូន និងរបស់របស់ប្រើប្រាស់ផ្សេងៗឲ្យហើយ ព្រោះបើជិតដល់ខែ ទើបអ្នករៀបចំ នឹងធ្វើឲ្យអ្នកមិនអាចរៀបបានគ្រប់ចំនួនឡើយ។

2# នៅពេលដែលអ្នកជិតដល់ខែសម្រាល អ្នកគួរតែគេងបែរមកចំហៀងខាងឆ្វេង ហើយជើងដែលជិតគ្រែគួរតែដាក់រាងកោង ទើបអ្នកអាចគេងដោយមានអារម្មណ៍សុវត្ថិភាព។ ជាពិសេស បើអ្នកកើតមានអាការៈហើមជើង អ្នកគួរតែទ្រខ្នើយមួយពីក្រោមជើង ទើបអាចបំបាត់អាការៈនេះបាន។

3# នៅពេលដែលអ្នកជិតដល់ខែ អ្នកនឹងកើតមានអារម្មណ៍មួយដោយឈឺពោះតិចៗ ហើយស្បូនអ្នកចាប់ផ្តើមបើកក្នុងពេលយប់ ប៉ុន្តែក្រោយពេលដែលសម្រាកលើគ្រែ នឹងចាប់ផ្តើមធូលស្បើយវិញ។ បើអ្នកមានអារម្មណ៍ថាឈឺពោះយូរ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ទើបអាចចៀសពីគ្រោះថ្នាក់។

4# នៅពេលដែលអ្នកកើតអាការៈរាករូស អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះបើទុកយូរ អាចធ្វើឲ្យអ្នកទាំងពីរប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលដែលជិតដល់ខែកើត៕

អ្នកម៉ាកឈឺពោះជិតសម្រាល! គួរតែអនុវត្ត៧ចំណុចនេះ

នៅមុនពេលដែលជិតសម្រាលកូន អ្នកម្តាយគ្រប់គ្នាសុទ្ធតែមានអាការៈឈឺពោះ គ្រាន់តែអ្នកខ្លះឈឺតិច ឯអ្នកខ្លះឈឺខ្លាំង ដូចនេះតើមានវិធីអ្វីសម្រាប់ទប់ទល់នឹងអាការៈនេះទៅ?

1# នៅពេលដែលអ្នកឈឺពោះ អ្នកអាចគេងមួយចំហៀងខ្លួន រួចផ្តោតអារម្មណ៍ទៅលើការដកដង្ហើម នោះវាអាចជួយអ្នកកាត់បន្ថយអាការៈឈឺបាន ដោយអ្នកត្រូវដកដង្ហើមឱ្យវែង ប្រសិនជាឈឺខ្លាំង អ្នកអាចដកឱ្យលឿនបាន តែបើរាងធូរបន្តិច អ្នកអាចដកដង្ហើមយឺតៗវិញ។

2# ក្រោយពេលដែលអ្នកឈឺរួច អ្នកអាចចុះពីលើគ្រែដើរ​ដើម្បីឱ្យទារកធ្លាក់ចុះមកក្រោមបាន ប៉ុន្តែត្រូវតែមានសមាជិកគ្រួសារកំដរ។

3# អ្នកក៏អាចប្រើទឹកកកមកស្អំនៅក្រោយខ្នងអ្នកត្រង់កន្លែងរាងក្រោមដែរ ព្រោះវាអាចជួយឱ្យអាការៈនេះរាងធូរស្រាលបន្តិច។

4# នៅពេលដែលស្ត្រីមានផ្ទៃពោះឈឺពោះ អ្នកអាចយកខ្នើយ ភួយ ឬរបស់ដែលទន់ៗ យកមកឱ្យស្ត្រីមានផ្ទៃពោះកាន់បាន នោះគេនឹងមានអារម្មណ៍សុវត្ថិភាព ហើយអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានបន្តិច។

5# អ្នកអាចដើរហាត់ប្រាណបាន ព្រោះពេលដែលអ្នកដើរ វាអាចជួយកាត់បន្ថយអាការៈឈឺចុកចាប់បានខ្លះ។

6# អ្នកក៏អាចប្រើទឹកក្តៅសម្រាប់ងូតទឹកបានដែរ ព្រោះទឹកក្តៅអាចជួយអ្នកឱ្យបន្ធូរអារម្មណ៍បាន និងជួយម៉ាស្សាអ្នកបានទៀតផង ដូចនេះវាក៏អាចជួយបំបាត់អាការៈឈឺចុកចាប់របស់អ្នកបានដូចគ្នា នោះអ្នកនឹងមិនសូវឈឺឡើយ។

7# អ្នកអាចឱ្យស្វាមីអ្នកជួយម៉ាស្សាជើង និងដៃរបស់អ្នកបាន ព្រោះវាអាចបង្វែរអារម្មណ៍អ្នកពីការឈឺចុកចាប់របស់អ្នកមកលើការម៉ាស្សា៕